នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ,
---------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលកិច្ចប្រជុំយុទ្ធនាការជំរុញការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង (ទី១) ពិនិត្យ និងបូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមជារួម នៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (ទី២) ពិនិត្យលម្អិតលើស្ថានភាពនៃការគ្រប់គ្រងដីរដ្ឋ ក្នុងខេត្តជាប់មាត់សមុទ្រចំនួន ៤ រួមមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត, និង ខេត្តកែប។ និង (ទី៣) កំណត់ផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋតាមរាជធានី-ខេត្ត។